ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់បក្សប្រជាជន គឺទីណាមានទុក្ខ ទីនោះមានបក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញាស្មារតី, ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ពិតជាបានបង្ហាញឱ្យមហាជនឃើញច្បាស់នូវអំពើល្អ និងបេះដូងដ៏កក់ក្តៅរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

