បណ្ឌិត ហ៊ុន ម៉ាណែត៖ គ្រប់សមាជិក សមាជិកាបក្សប្រជាជន ជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់បក្សឱ្យសម្រេចតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជាគ្រប់សមាជិក-សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់ ប៉ុន្តែមិនមានការផ្លាស់ប្តូរបុព្វហេតុនោះទេ គឺក្នុងគ្រប់កាលៈទេសៈទាំងអស់តែងបានខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍបន្ថែមទៀត តាមផែនការដែលបានគ្រោងទុកក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាសនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ៕

