បណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន ជាប្រតិបត្តិករតែមួយគត់ ដែលនាំសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ត្រឡប់មកវិញ ដែលបាត់បង់ជាង ៥០០ឆ្នាំមកហើយ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបាននាំត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ដែលយើងបានបាត់បង់ជាង ៥០០ ឆ្នាំកន្លងមកហើយ និងបាននាំមកនូវសម័យកាលដ៏រុងរឿងដូចពេលបច្ចុប្បន្ន ជា “សម័យតេជោសន្តិភាព”។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសមាជិក-សមាជិកាគណបក្ស ជាពិសេសក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ដែលជាចលករនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន និងជាកម្លាំងស្នូលចូលរួមចំណែកជាមួយកម្លាំងសរុបរបស់គណបក្ស ដើម្បីយកឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ ។
ឯកឧត្ដមបន្តថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហរ និងមូលដ្ឋាននៃការបង្រួបបង្រួមជាតិ ដោយមិនយកខ្មែរណាជាសត្រូវ ហើយអាចរួមរស់នៅជាមួយគ្នាក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្ដមគូសបញ្ជាក់ថា ជាក់ស្តែង កន្លងមក សង្គ្រាមផ្នែកយោធាត្រូវបានបញ្ចប់ ហើយរហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាក៏នៅបន្តឈ្នះសមរភូមិបេះដូងប្រជាពលរដ្ឋ តាមរយៈអំពើល្អរបស់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំតាមគ្រប់យន្តការ និងគ្រប់លទ្ធភាព ៕
