បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។
ឯកឧត្ដមមានប្រសាសន៍បែបនេះនៅក្នុងពិធីសំណេះ សំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា “ដូច្នេះ ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, យើងទាំងអស់គ្នាសូមប្តេជ្ញាបន្តនូវស្មារតី, គំរូវីរភាព និងបេសកកម្មដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន”៕

