បណ្ឌិត ហ៊ុន ម៉ាណែត៖ ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង៖ ទី១.កត្តាថ្នាក់ដឹកនាំសាសនា ដែលប្រកាន់ការដឹកនាំទៅតាមផ្លូវវិជ្ជមាន និងមានការបដិបត្តិតឹងរ៉ឹង ឬធូរស្រាលទៅតាមជំនឿ ហើយមានគោលជំហររួមរស់ជាមួយគ្នា និងមិនរើសអើង និង ទី២.កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស និងបង្កលក្ខណៈគ្រប់បែបយ៉ាងក្នុងការអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការជឿ និងគោរពបដិបត្តិសាសនាទៅតាមការពេញចិត្ត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត បានលើកឡើងបន្តថា ជាពិសេសរាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់គ្រប់សាសនិកទាំងអស់ និងបូកបន្ថែមដោយគោលនយោបាយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ការអនុវត្តវប្បធម៌ចែករំលែក ៕
