ប្រមុខរាជរដ្ឋាភិបាល ឲ្យអភិបាលរាជធានីខេត្ត ចុះដោះស្រាយជូនកម្មករ ពេលមានវិវាទជាមួយថៅកែរោងចក្រ កុំរង់ចាំតែក្រសួងការងារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអភិបាលរាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ សូមកុំបណ្តោយឲ្យពួកគាត់ឈានដល់ការឡើងដល់តុលាការ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំបញ្ជាក់ជាមួយអស់លោកខេត្តទាំងអស់ កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករ ជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុត កុំរង់ចាំតែក្រសួងការងារ គឺអស់លោកចៅហ្វាយខេត្តត្រូវតែនាំមុខ ប្រគល់ឲ្យអនុខេត្តណាមួយធ្វើ តាមដានរឿងឱ្យជាប់ជាមួយនឹងមន្ទីរការងារ រួចហើយពេលដែលមានការឃើញថាសំណុំរឿងត្រូវធ្វើការបន្ទាន់ ត្រូវអញ្ជើញថៅកែរោងចក្រ មកនិយាយដោយស្ងាត់ស្ងៀម និងអញ្ជើញកម្មករមកជួបជុំគ្នា ដើម្បីដោះស្រាយ មានតែវិធីនេះទេ កុំឡើងតុលាការ រឿងរ៉ាវវែងឆ្ងាយណាស់» ៕
