សម្តចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធទិវាអន្តរជាតិ រំលឹកគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិព

ភ្នំពេញ៖ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការចូលរួម ពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិក ស៊ីវិលទាំងបុរសទាំងនារី ក្នុងប្រតិបត្តិការសន្តិភាព ហើយជាក៏ជាថ្ងៃប្រារព្ធពីធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី មានចំនួនប្រមាណ៤២០០នាក់ ដែលបាន ពលី ដើម្បីបុព្វហេតុសន្តិភាព ក្នុងបេសកកម្មចំនួន៧២ គិតចាប់ពីឆ្នាំ១៩៤៨មក ដែលនេះខួបលើកទី៧៥ឆ្នាំ។ ក្នុងពិធីនេះ មានតំណាងរាជទូត និងរដ្ឋទូតនានាប្រចាំកម្ពុជាបានចូលរួមផងដែរ។
សម្តចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋរដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃកម្មវិធីនេះ បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជន និងយុទ្ធនារីទាំងឡាយដែលបានពលីជីវិតក្នុងការបំពេញ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជតិនៅលើពិភពលោក ជាយុទ្ធជន និងយុទ្ធនារី មកពីប្រទេសនានាជិតឆ្ងាយ ដើម្បីជួយរក្សានិងស្តារសន្តិភាពជូនប្រជាជននៃប្រទេសដ៏ទៃ។
ឯកឧត្តមបញ្ជាក់ទៀតថា ទិវានេះ ក៏ជាឱកាសមួយ ដើម្បីផ្តល់កិតិ្តយសដល់យុទ្ធជន និងយុទ្ធនារីកម្ពុជា ចំនួនជាង៩០០០នាក់ ដែលបានបញ្ចប់និងកំពុងបំពេញបេសកកម្មនៅតាមប្រទេសមានជម្លោះ ក៏ដូចជារំលឹក ដល់វិញ្ញាណក្ខន្ធនាយទាហានកម្ពុជា ចំនួន១១នាក់ក្នុងចំណោម កម្លាំងរក្សាសន្តិភាពចំនួនប្រមាណ៤២០០នាក់បានបាត់បង់ជីវិត ក្នុងការ បំពេញកាតព្វកិច្ច មនុស្សធម៌ សន្តិភាព និងមិត្តភាពអន្តរជាតិ ក្រោមទង់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៤៨មក។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអោយដឹងថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ ដែលអង្គការសហប្រជាជាតិUN បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថាUNTAC ដើម្បីចូលរួមចំណែកជួយស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជា ពីសង្គ្រាមហែកហួរក្នុងស្រុក និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។
នៅក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាររបស់UNTACនៅកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា ក្នុងអំឡុង ឆ្នាំ១៩៩២ ឆ្នាំ១៩៩៣ មានកម្លាំងUNTACប្រមាណជាង ១៥០០០នាក់ កម្លាំងនគរបាលស៊ីវិល៣០០០នាក់ បុគ្គលិកស៊ីវិល៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំង UNTACនេះ ៨២នាក់ មកប្រទេសចំនួន២៧ប្រទេស បានពលីជីវិត។
ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពUN ចំនួនជាង៩០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈ នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជា មានកម្លាំងមួកខៀវចំនួនជិត៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពUNនៅតាមបណ្តាប្រទេសចំនួន៤ រួមមានៈ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី។
ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ក្នុងឆ្នាំនេះ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ ប្រារព្ធពិធីក្រោមប្រធានបទ “មនុស្ស សន្តិភាព វឌ្ឍនភាព៖ ដែលជាអំណាចនៃភាពជាដៃគូ”។
ឯកឧត្តម លើកឡើងថា ការលះបង់របស់ពួកគេ បានបង្ហាញពីស្មារតីបង្រួបបង្រួមជាតិ បើទោះបីកំពុងបំពេញភារកិច្ចក្នុងបេសកកម្ម ដែលប្រឈមនិងហានិភ័យខ្ពស់យ៉ាងណាក៏ដោយ គឺពួកគេធ្វើដើម្បីផ្តល់ សន្តិសុខ ជូនប្រទេសដែលងាយរងគ្រោះ៕
