ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាសំខាន់២

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើថា កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួន ជាអាទិ៍៖ ទី១. អ្នកប្រើប្រាស់ទូទៅត្រូវគាំទ្រដល់ផលិតផលក្នុងស្រុក ស្របតាមយុទ្ធនាការ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”, ទី២. វិស័យធុរកិច្ចអាចប្រដូចទៅនឹងវិស័យកងទ័ព ពីព្រោះវិស័យទាំងពីរនេះទាមទារនូវការកំណត់គោលដៅរួម, ផែនការយុទ្ធសាស្ត្រ, ការគ្រប់គ្រងហានិភ័យ, ការបែងចែកធនធាន, និងការដឹកនាំប្រកបដោយភាពរស់រវើក និងម៉ឺងម៉ាត់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដូច្នេះ “សហគ្រិនក៏ជាកងទ័ព ដែលត្រូវអនុវត្តភារកិច្ចដោយផ្អែកលើអន្តរទំនាក់ទំនង, ឆន្ទៈមោះមុត, ការប្តេជ្ញាចិត្តខ្ពស់ និងការហ៊ានប្រឈមមុខដាច់ខាតឥតរុញរានៅក្នុងគ្រប់កាលៈទេសៈនៃដំណើរការអាជីវកម្ម”, ទី៣. សហគមន៍ធុរកិច្ច រួមទាំងសហគ្រិនវ័យក្មេងកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងការងារសង្គម រួមទាំងកិច្ចការពារបរិស្ថាន ដោយអនុលោមតាមគោលការណ៍នៃទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន-សហគ្រាស (CSR) ៕

