សម្ដេចតេជោ៖ សំបុត្រកំណើត អាចនៅជាមួយមេដឹកនាំបក្សភ្លើងទៀនណាម្នាក់ ដែលមិនចង់ឲ្យបក្សនេះចូលរួមបោះឆ្នោត ដោយដឹងថាចាញ់ តែអ្វីដែលគេចង់បាន គឺយកបរទេសមកគៀបកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ការសង្ស័យថា ការធ្វើឲ្យបាត់បង់ឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សភ្លើងទៀន ដែលមិនអាចឲ្យគណបក្សនេះចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧បាននោះ ជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធមកដល់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿថាបាត់នោះទេ។ វានៅជាមួយនរណាម្នាក់ដែលជាមេដឹកនាំ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថាចាញ់ ប៉ុន្ដែអ្វីដែលគេចង់បាន គឺគេយកបរទេសមកគៀបកម្ពុជា។ វាមិនដែលគ្រាន់តែបញ្ជីជាតិមួយសន្លឹក ធ្វើឲ្យបាត់នោះទេ ។ ខ្ញុំគិតថា ជាឧបាយកលរបស់អ្នកណាមួយដែលធ្វើឲ្យបាត់ គោលដៅរបស់គេចង់ ឲ្យមានការប្រឈមជាមួយបរទេសខ្លះដែលស្រលាញ់ពួកគេតិះតៀនរាជរដ្ឋាភិបាល» ៕
