បណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគមអតីតយុទ្ធជនកម្ពុជា មានតួនាទីសំខាន់ ២យ៉ាង

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ ២ យ៉ាង៖ ទី១. ជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម និងទី២. ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។
ឯកឧត្ដមបន្តថា ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ ២ សំខាន់ គឺជីវភាព និងកិត្តិយស។ ជីវភាព គឺរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម, សេវាសុខាភិបាល, ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតមានប្រសាសន៍បែបនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ឯកឧត្ដមបណ្ឌិតបានឱ្យដឹងបន្ថែមថា កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង៕

