៧មករា ២០ឧសភា និងកំណើតក្រពើ

ជាជនជាប់ចោទច្រើនករណី និងជាទណ្ឌិតនិរទេសខ្លួនចោលស្រុកកំណើត បុគ្គលឈ្មោះសម រង្សុី តែងបដិសេធ និងបន្តុះបង្អាប់ថ្ងៃ៧ មករា។ ការបដិសេធ ក៏ព្រោះតែលោកសម រង្សុី ផ្ទាល់ និងគ្រួសារត្រកូល”សម” របស់គាត់ពុំធ្លាប់បានឆ្លងកាត់វាលពិឃាដរបស់ខ្មែរក្រហម។ លោកសម រង្សុី គ្រាន់តែដឹងអំពីប្រវត្តិនៃរបបកម្ពុជាប្រជាធិបតេយ្យតាមការរៀបរាប់តៗគ្នា រួចក៏យកខ្យល់ល្ហើយតាមជើងខោនេះមកផ្លុំជាមេរៀនអោយអ្នករងគ្រោះផ្ទាល់ក្នុងរបបអាវខ្មៅស្តាប់ទៅវិញ។
ឱ ហេតុតែងោះ!
ងាកមកលោកកឹម សុខា ព្រមទាំងភរិយា ក្រុមគ្រួសារ ញាតិមិត្ត គូកន បនភឿននយោបាយរបស់គាត់ឯណេះវិញ គឺសុទ្ធសឹងតែអ្នកធ្លាប់ភ្លក់រសជាតិល្វីងជូរចត់នៃសម្ល”វាលពិឃាដ” របស់ខ្មែរក្រហមប៉ុល ពត ដែរ ប៉ុន្តែបែរជាបិទភ្នែក ខ្ទប់ត្រចៀក ខ្លះធ្វើគថ្លង់ និងខ្លះទៀតខំប្រឹងតាំងខ្លួនជាជនរមឹលគុណតែម្តង។
ឱ ហេតុតែក្រពើ!
ក្រពើទាំងនោះភ្លេចគិតថា ជីវិតរស់ឡើងវិញរបស់អស់លោកនិន្នាការប្រឆាំងជ្រុលនិយមសុទ្ធតែបានសុីពែ ឬសុីសំណល់ពីថ្ងៃ៧មករា ។ ចុះហេតុអ្វីបើគ្រាន់តែពាក្យប្រជាធិបតេយ្យមួយម៉ាត់សោះ បែរជានាំគ្នាព្រួសពិសស្រោចលើថ្ងៃ៧ មករា និងសម្តេចហ៊ុន សែន ទៅវិញ? តើការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីរំដោះជីវិតមនុស្សចេញពីរណ្តៅមរណៈ… ខុសដែរ? ផ្ទុយទៅវិញ ក្រុមនិន្នាកាប្រឆាំងជ្រុលនិយមនៅកម្ពុជា នាំគ្នាជីកកប់គុណបំណាច់”អ្នកម្តាយ៧មករា” ទាំងរស់រានមានជីវិត… ត្រូវដែរ?
ឱ ហេតុតែអកតញ្ញូ!
ស្ថិតក្នុងស្ថានភាពស្ទើរស្លាប់ស្ទើររស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមប៉ុល ពត កាលណោះប្រជាជនកម្ពុជាទូទាំងប្រទេសដង្ហោយហៅរកព្រះជួយស្រោចស្រង់ជីវិតគ្រប់ៗគ្នា ដោយមិនគិតថាព្រះពុទ្ធ ព្រះគ្រិស្ដ ឬព្រះអាឡោះឡើយ។ ៧មករា រំដោះជីវិតមនុស្សចេញពីឋាននរកលោកីយ៍ ដូច្នេះ៧មករា គឺជាព្រះ!
ក្រោយថ្ងៃ៧មករា ខ្មែររស់រានមានជីវិត ខ្មែរមានសិទ្ធិប្រកបរបរតាមជំរើស ខ្មែរមានសិទ្ធិដើរហើរតាមចំណង់ ខ្មែរមានសិទ្ធិបញ្ចេញមតិ រហូតដល់ពេលខ្លះសិទ្ធិសេរីភាពត្រូវបានក្រុមនិន្នាការចង្អៀតចង្អល់ជ្រុលនិយមជាន់ឈ្លីយ៉ាងអាណាធិបតេយ្យ។ បច្ចុប្បន្ន ជនរមិលគុណ៧មករាមួយចំនួនក្លាយខ្លួនជាក្រពើ។ ក្រពើ ក៏ព្រោះតែជនទាំងនោះប្រឹងបំភ្លេចព្រះ។
រីឯអស់លោកអនិកជន ឬអស់លោកខ្មែរចូលសញ្ជាតិបរទេសកំពុងរស់នៅក្រៅប្រទេសខ្លះ ខិតខំតាំងខ្លួនជាមនុស្សភ្លេចកំណើត។ កន្លងមក គឺមានអ្នកខំឈរកាន់បដាដាក់បណ្តាសារ និងអ្នកខ្លះទៀតប្រកាសយកថ្ងៃ៧មករា ធ្វើជាសត្រូវតែម្តង។ ពួកគេភ្លេចគិតថា គ្មាន៧មករា ពួកគាត់ក៏គ្មានវាសនាបានទៅកាច់ឫកកាច់រាងនៅបណ្តាប្រទេសលោកខាងលិចទាំងពូជៗឡើយ។ ដូច្នេះ គួរណាស់ក្រឡេកមើលអតីតកាលនៃជីវិតក្នុងឋាននរកអវចីយ៍ក្នុងរបបប៉ុល ពត ហើយគួររៀនរៀបឫកពាអោយសក្តិសមជាមនុស្សមានកំណើត និងឫសគល់ត្រឹមត្រូវ នោះទើបជាមនុស្សប្រកបដោយវិចារណញ្ញាណ និងពូជខ្មែរថ្លៃថ្នូរ។ ខ្មែរវង្វេងផ្ទះទាំងនោះ បើទោះបីជារស់នៅក្នុងប្រទេសអភិវឌ្ឍន៍ជឿនលឿនក៏ពិតមែន ប៉ុន្តែជាជនពាលាអាវ៉ាសែនាំថោកដល់កេរ្តិ៍ឈ្មោះកម្ពុជា។ អ្នកខ្លះវាយឫក អួតក្អេងក្អាង ហែហៃ ឆ្មើងឆ្មៃ ច្រឡោងកាង ភូតភរ បោកប្រាស់ ហឹង្សា ជនអវិជ្ជា ជនពាល (Gangsters) និងជនខ្លះទៀតដេកសុីលុយសង្គមកិច្ច ឬឈ្លើងសង្គមជាដើម ដែលបច្ចុប្បន្នកំពុងរស់នៅឯបរទេសសោះ ប៉ុន្តែបែរជាចង់ធ្វើតំណាងរាស្រ្ត ឬរដ្ឋមន្រ្តីនៅស្រុកខ្មែរឯណេះទៅវិញ។ បើនិយាយអំពីសមត្ថភាព និងយុទ្ធសាស្រ្តនយោបាយវិញ គឺអាចប្រដូចបានទៅនឹង”អា-វង” ឬ”អាវែក”។
សរុបមកវិញ ទាំងលោកសម រង្សុី រួមទាំងលោកកឹម សុខា និងគូកនបនភឿនទាំងក្នុង និងក្រៅប្រទេសពុំគួរចាត់ទុកថ្ងៃ៧មករា ជាគូរសត្រូវស្លាប់រស់របស់ខ្លួនឡើយ បើពុំនោះសោតទេ អ្នកទាំងនោះនឹងមានឈ្មោះថា “កំណើតក្រពើ” ឬ”ក្រពើ៧សន្តាន” ជាក់ជាមិនខាន។
នៅក្នុងឱកាសនៃ”ទិវាជាតិនៃការចងចាំ២០ឧសភា” ខ្ញុំសូមឧទ្ទិសអត្ថបទនេះជូនចំពោះវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាទាំងជិត៣លាននាក់ដែលត្រូវបានសម្លាប់ដោយរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហមប៉ុល ពត ។ ៧មករា និង២០ឧសភា ស្ថិតនៅក្នុងដួងព្រលឹងជាតិយើងជារៀងដរាប៕
ដោយ: ស្ទីវិន សាន់
