បណ្ឌិត ហ៊ុន ម៉ាណែត៖ សុខសន្តិភាព ជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សុខសន្តិភាព ជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន មូលដ្ឋានសម្រាប់សិក្សា និងវាយតម្លៃលើគុណតម្លៃ និងមនុញ្ញផលដែលទទួលបានពីសុខសន្តិភាព គឺត្រូវធ្វើឡើងតាមរយៈការប្រៀបធៀបអតីតកាលជាច្រើនជំនាន់ ជាមួយនឹងបច្ចុប្បន្នកាលរបស់យើង ដែលជាតថភាពពិតជាក់ស្តែង។
ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា” ប្រវត្តិសាស្ត្រដែលយើងអាចរឭកនឹកឃើញ គឺសម័យអង្គរដ៏រុងរឿង និងសម័យកាលដ៏ជូរចត់នៃភ្នក់ភ្លើងសង្គ្រាមនៅក្រោយសម័យអង្គរ។ យើងមិនរស់នៅក្នុងអតីតកាលនោះទេ ប៉ុន្តែយើងដែលបានផឹកទឹក ត្រូវនឹកដល់ប្រភព ហើយប្តេជ្ញាថែរក្សាការពារអ្វីដែលជាសេចក្តីសុខ សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងដែលជាពរជ័យសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន”។
ឯកឧត្ដមបន្តថា ជាក់ស្តែង វិស័យសាសនាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺវត្តនៅសល់ត្រឹម ២ ពាន់វត្ត និងព្រះសង្ឃប្រមាណ ៥ ពាន់អង្គ ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងដល់ជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ។ លោកតាយលោកយាយក្នុងមូលដ្ឋានស្រុកមង្គលបូរីនេះ បានឆ្លងកាត់របបដឹកនាំ ៥ ជំនាន់មកហើយ គឺច្បាស់ជាដឹងថា ជំនាន់មួយណាល្អជាងគេ គឺជំនាន់សប្បាយរីករាយ សុខសន្តិភាព និងអាចធ្វើបុណ្យបំពេញទានបានយ៉ាងរីករាយ ហើយក៏មិនចង់ឱ្យកូនចៅជំនាន់ក្រោយឆ្លងកាត់នូវភាពល្វីងជូរចាត់កាលពីអតីតកាលឡើយ៕