ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ការចេញទៅចាក់វ៉ាក់សាំងរបស់ពលរដ្ឋ គឺបង្ហាញយ៉ាងច្បាស់ពីការជឿជាក់ និងទំនុកចិត្តលើរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការចេញទៅចាក់វ៉ាក់សាំងរបស់ពលរដ្ឋគឺជាបង្ហាញយ៉ាងច្បាស់ពីការជឿជាក់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយហ៊ានផ្ញើជីវិត ហើយមានភាពប្រាកដច្បាស់ក្នុងចិត្តថា សម្តេចតេជោ គឺជាអ្នកសង្គ្រោះជីវិតប្រជាជន និងការពារជីវិតប្រជាជនគ្រប់ពេលវេលា។
ឯកឧត្ដមមានប្រសាសន៍បែបនេះ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួន ៩ កន្លែងនៃឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដមបន្តថា ទិន្នន័យនៃការចាក់វ៉ាក់សាំង គឺជាទិន្នន័យបង្ហាញអំពីការជឿទុកចិត្ត និងការគាំទ្រចំពោះ សម្តេចតេជោ ហើយក៏ជាតថភាពជាក់ស្តែងបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជាអាចនឹងបន្តដឹកនាំយូរ ដោយសារការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ និយាយជារួម និងអ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និយាយដោយឡែក ដែលបានជឿជាក់ ជឿទុកចិត្ត ហើយចូលរួមទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះ និងការពារជីវិតពីជំងឺដ៏កាចសាហាវ រាតត្បាតជាសាកល និងសម្លាប់ជីវិតប្រជាជនរាប់លាននាក់នៅទូទាំងពិភពលោក និងជាង ៣ពាន់នាក់ផងដែរនៅកម្ពុជា។
ឯកឧត្ដមបណ្ឌិតបញ្ជាក់បន្ថែមថា ប្រជាជនបានផ្តល់នូវយុត្តិធម៌ពិតសម្រាប់អ្នកធ្វើពិត ហើយជាអ្នកដែលដឹកនាំប្រទេសប្រកបដោយធម៌ ដោយឈរលើបុព្វហេតុនៃការអភិវឌ្ឍ តាមរយៈការកំណត់គោលដៅធ្វើយ៉ាងណាឱ្យប្រជាជនមានបាន និងថ្កុំថ្កើងរុងរឿងទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃគ្រប់ជំនាន់៕

