អំណោយស័ង្កសីរបស់មេទ័ពជើងគោក ត្រូវបានយកទៅប្រគល់ជូន គ្រួសារយោធិន ដែលរងគ្រោះដោយគ្រោះធម្មជាតិ

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ពក្រោមឱវាទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិការសឹករងឧត្តរមានជ័យ បានចាត់តាំង លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង និងសហការី នាំយកស័ង្កសី ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនគ្រួសារកងទ័ព ចំនួន០២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឱ្យរបើកដំបូលផ្ទះ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
គួរជម្រាបជូនថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ តំបន់ប្រតិការសឹករងឧត្តរមានជ័យ ក្រៅពីភារកិច្ចស្នូល បានយកចិត្តទុកដាក់ក្នុងការងារចុះជួយប្រជាពលរដ្ឋ គ្រួសារទ័ព និងអតីតយុទ្ធជន ដែលជួបប្រទះនូវការលំបាកផ្សេងៗក្នុងមូលដ្ឋានដែលអង្គភាពទទួលខុសត្រូវ៕
