កងទ័ពជើងគោកកម្ពុជា-ថៃ វាយតម្លៃខ្ពស់ និងបង្ហាញមោទកភាពចំពោះការរីកចម្រើនជាលំដាប់ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ប្រជុំលើកទី២ (Staff Working Group) ជាមួយក្រុមការងារ កងទ័ពជើងគោកនៃកងភូមិន្ទថៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយទោ ពុងសាក់ ម៉ឺនក្លាហាន (PONGSAK MUNKLAHAN) ប្រធាននាយកដ្ឋាននយោបាយ និងផែនការ អគ្គនាយកដ្ឋានកលយុទ្ធ កងទ័ពជើងគោកនៃកងភូមិន្ទថៃ ។
ក្នុងកិច្ចប្រជុំនេះមានគោលបំណង ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៣ និងដាក់ចេញនូវផែនការសកម្មភាពកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ក្នុងកម្រិតកងទ័ពជើងគោក។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងបានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពជើងគោក នៃកងភូមិន្ទថៃ។
ឯកឧត្តមសហប្រធានទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនាពេលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (NARONGPAN JITTKAEWTAE) មេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ ដែលបានធ្វើឱ្យទំនាក់ទំនងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ កាន់តែជិតស្និទ្ធ និងរីកចម្រើនទ្វេរឡើងថែមមួយកម្រិតទៀត តាមរយៈការបង្កើតឱ្យមានលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងទ័ពជើងគោកនៃកងភូមិន្ទថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពជា កន្លងទៅ។
លក្ខខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ កម្ពុជា-ថៃ គឺជាយន្តការអចិន្ត្រៃយ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ហើយតាមរយៈកិច្ចប្រជុំ (Staff Working Group) លើកទី២ ភាគីទាំងពីរបានឯកភាពគ្នាលើផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ ដោយផ្ដោតទៅលើការផ្លាស់ប្ដូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្សាភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងការធ្វើលំហាត់រួមជាដើម ៕
