បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណគ្រឹះស្ថានឧត្តមសិក្សានៅបាត់ដំបង និងបន្ទាយមានជ័យ ដែលផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានថ្លែងអំណរគុណគ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ តែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។
ឯកឧត្ដមមានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ខណៈអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ឯកឧត្ដមបន្តថា កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់តបទៅនឹងបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ សម្តេចទាំងទ្វេ ក្នុងការរំដោះសិស្ស-និស្សិតខ្វះលទ្ធភាព ឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំនៅក្នុងជីវិត។
ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យដែលផ្តល់អាហារូបករណ៍នោះរួមមាន៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS), សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB), សាកលវិទ្យាល័យអន្តរជាតិឌូវី (DI), ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ (SBUBB), វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB), សាកលវិទ្យាល័យជាតិមានជ័យ (NMU)៕
