ឯកឧត្តម ហ៊ុន ម៉ាណែត៖ ៤៥ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្ត បានចូលរួមបង្កើតកងកម្លាំង ប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបបប៉ុលពត

ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល ហៅវត្តសាមសិប ស្ថិតនៅភូមិសាមសិប, ឃុំតាក្រី, ស្រុកកំរៀង, ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកថា កាលពី ៤៥ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបបប៉ុលពត ដែលបានគ្រប់គ្រងអំណាច ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃសាហាវឃោរឃៅ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា មកដល់បច្ចុប្បន្ន កម្លាំងសាមគ្គីភាពនេះ ក៏បានឋិតនៅយ៉ាងរឹងមាំ និងបានបន្តស្មារតី វីរភាព និងសកម្មភាពរួបរួមគ្នាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ដោយបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនអនេកជូនសង្គមជាតិ រាប់ទាំងការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការផ្តល់នូវឱកាស ក្តីសង្ឃឹម និងលំនឹងស្ថិរភាពសម្រាប់អនាគតទៅមុខ ៕

