ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មានបំណងប្រាថ្នាតែមួយគត់ គឺផ្តល់ឲ្យពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅក្រោមម្លប់សន្តិភាព

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានថ្លែងថា រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។
ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ៕

