សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាវិស័យកីឡាទាំងអស់ កុំសម្រុកចូលទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្កម្ពុជា បានអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាវិស័យកីឡាទាំងអស់ កុំសម្រុកចូលទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា ពីព្រោះធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ និងបាត់បង់កិត្តិយសជាតិយើង។ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬ ប្រតិភូណាមួយប្រឈមជួបនឹងបញ្ហាកកស្ទះចរាចរណ៍នោះឡើយ។ សម្តេចតេជោក៏បានបន្តអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល ដើម្បីចូលរួមលើកស្ទួយមុខមាត់ជាតិយើង។
ការអំពាវនាវបែបនេះក្នុងឱកាសដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នារសៀលថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោក៏បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។សម្តេចតេជោ បានអំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងកាសព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយសម្ដេចថ្លែងបញ្ជាក់ថា កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ។សម្តេចតេជោក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់សារធាតុដែលត្រូវបានហាមប្រើប្រាស់នៅក្នុងការប្រកួត។ សម្ដេចតេជោក៏បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា ៕
