បណ្ឌិត ហ៊ុន ម៉ាណែត៖ មានកត្តា ៣យ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានកត្តា ៣យ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន។
កត្តាទាំង៣នោះរួមមាន៖ ទី១. កត្តាសុខសន្តិភាព ដែលឱ្យខេត្តព្រះសីហនុក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត។ ទី៣. កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានាតាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងឳកាស តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តមបន្ថែមថា ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត៕

