ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ស្អែកនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នងពីធី ប្រគល់ សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបាន បញ្ចប់ការសិក្សាដោយជោគជ័យ នៅវិទ្យាស្ថាន ជាតិអប់រំ។
បើយោងតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ មាន ចំនួនសរុប ២ ៣៨៤ នាក់ ក្នុងនោះនារី ១ ០៦៧ នាក់ បានបញ្ចប់ការសិក្សាកាលពី ឆ្នាំ សិក្សា២០២០-២០២១ និង២០២២កន្លងទៅនេះ។
ជ័យលាភីនេះរួមមាន អធិការអប់រំ ៦៦ នាក់ នារី ១២នាក់ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់ គ្រូបង្រៀន កម្រិតឧត្តម បណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២ ០០៥ នាក់ នារី ៩៣៧ នាក់ គ្រូបង្រៀនកម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់៕
