ព្រលានយន្តហោះអន្តរជាតិ សៀមរាប-អង្គរ អាចនឹងបើកឲ្យដំណើរការ នៅខែតុលាខាងមុខនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នៅក្នុងខេត្តសៀមរាប អាចនឹងបើកឲ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ការប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចបានបញ្ជាក់ថា “សូមជម្រាបជូនថា តាមរយៈនៃការវិនិយោគ ព្រលានយន្ដហោះដ៏ធំមួយ នៅខេត្ដសៀមរាប ប្រហែលជាមិនយូរ ជាងខែតុលាខាងមុខនេះទេ យើងនឹងបើកឲ្យប្រើប្រាស់ ព្រលានយន្ដហោះដ៏ធំ នៅក្នុងខេត្តសៀមរាប”។
សម្ដេចបានគូសបញ្ជាក់ថា នេះជាដំណើរការមួយ ដែលកម្ពុជាអាចនឹងឈានទៅទទួលយន្ដហោះខ្នាតធំ ដែលហោះត្រង់ពីប្រទេសនានា មកចុះនៅខេត្តសៀមរាប។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អនាគតរបស់ខេត្តសៀមរាប ក៏នឹងក្លាយទៅជាទីកន្លែង នៃការទាក់ទាញភ្ញៀវទេសចរ មកកាន់ទីនេះ។ សម្ដេចបន្ដទៀតថា ជាមួយនឹងការវិនិយោគ យ៉ាងគំហុក នៅខេត្តសៀមរាប គឺធ្វើឲ្យខេត្តនេះ ក្លាយតារារះនាទិសឧត្តរ នៃប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ខេត្តសៀមរាប នឹងក្លាយទៅជាចំណុចទាកទាញបន្ថែមទៀត មិនគ្រាន់តែវិស័យទេសចរណ៍នោះទេ តែអាចនឹងឈានទៅដល់តំបន់ឧស្សាហកម្មខ្លះទៀតផង ដែលនឹងរួមចំណែកដោះស្រាយការលំបាក និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ៕

