សម្ដេចតេជោ៖ កាលពី ៤៨ឆ្នាំមុន គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី ស្របពេលដែលកម្ពុជាប្រារព្ធពិធីចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកពីសង្គ្រាមក្នុងសម័យ លន់ នល់ ជាពិសេសមុនការដួលរលំឆ្នាំ១៩៧៥ ដែលបានកើតឡើងស្របពេលដែលកម្ពុជាប្រារព្ធពិធីចូលឆ្នាំខ្មែរ ដែលកាលពី ៤៨ឆ្នាំមុន គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី។
សម្ដេចបានរម្លឹកបែបនេះ ក្នុងពិធីបើកអង្គរសង្ក្រាន្តព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប។
សម្ដេចបានលើកឡើងថាដោយសារកត្តាសន្ដិភាពបាននាំមកឱ្យកម្ពុជាអាចប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយ និងរលូន ដែលខុសពីសម័យសង្គ្រាម។
សម្ដេចថា “កាលពី ៤៨ឆ្នាំមុនគ្រាប់កាំភ្លើងធំបានបាញ់ចូលគ្រប់ទីក្រុង”។
សូមរំលឹកថា សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរហើយ ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន៕

