មេទ័ពជើងគោក សរសើរថ្នាក់ដឹកនាំ និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលខិតខំបំពេញភារកិច្ច រហូតសម្រេចបានស្នាដៃ និងសមិទ្ធផលជាច្រើនគួឱ្យកត់សម្គាល់

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួឱ្យកត់សម្គាល់ ព្រមជាមួយនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅខេត្តកំពង់ធំ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្តថា ព្រមជាមួយនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងនូវសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត លើសពីនេះ អង្គភាពក៏បានចូលរួមយ៉ាងសកម្មលើការងារអតីតយុទ្ធជន និងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត និងគ្រោះធម្មជាតិនានា ជាដើម ៕
