មេទ័ពជើងគោក៖ ការតែងតាំង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងថ្មី ពិតជាស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការសម្រេចតែងតាំងមុខតំណែងលោកវរសេនីយ៍ឯក តន ឆៃ ជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែមេសា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការសម្រេចតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក» ។
នាយឧត្ដមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក គូសបញ្ជាក់បន្ថែមថា ការសម្រេចតែងតាំងមុខតំណែងនេះ ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរ ភារកិច្ចចាំបាច់ចំពោះមុខ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលបច្ចុប្បន្ន ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ កំពុងដំណើរការទៅមុខជាប់ជាប្រចាំ ដោយក្នុងនេះ ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ, ការពង្រឹងក្បាលម៉ាស៊ីនដឹកនាំបញ្ជា និងការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការកសាង និងគ្រប់គ្រងប្រភពកម្លាំង សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច ៕
