សម្តេចតេជោ ស្នើម៉ាឡេស៊ីផ្ដល់ការគាំទ្រ ដល់ការស្ថាបនាខ្សែកាបអគ្គិសនី តាមបាតសមុទ្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើម៉ាឡេស៊ី ផ្ដល់ការគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី ។
ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា បង្ហាញលទ្ធផលជំនួបទ្វេភាគី ជាមួយឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាថ្ងៃទី២៧ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងវិស័យថាមពល ខ្ញុំបានស្នើដល់ឯកឧត្តមនាយករដ្ឋមន្ត្រីផ្តល់ការគាំទ្រ ដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្ម ថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានឆ្លើយតបបញ្ជាក់ថា នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានលើកបញ្ហានេះ ជាមួយឯកឧត្តមផងដែរ» ។
សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា នេះជាវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អមួយ នៅក្នុងចំណោមប្រទេសយើង ៕
