សម្ដេច ស ខេង ណែនាំឱ្យអាជ្ញាធរជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំជាថ្មីទៀតឱ្យអាជ្ញាធរ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។
ការណែនាំរបស់សម្ដេចក្រឡាហោមបែបនេះបានធ្វើឡើង ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ) ស្ថិតនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀតក្នុងមូលដ្ឋានខេត្តបាត់ដំបង ជាពិសេសការកសាងសមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ។
ទន្ទឹមនេះដែរ សម្ដេចក្រឡាហោមបានបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស៕

