ឯកឧត្តម អ៊ូច ភា៖ យុវជន យុវនារី ជាកម្លាំងបន្តវេនរបស់បក្ស ត្រូវមានកាតព្វកិច្ចថែរក្សាការពារសន្តិភាព ក៏ដូចជាសមិទ្ធផលនានា ដែលបក្សសម្រេចបាននាពេលកន្លងមក

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានលើកឡើងថា យុវជន យុវនារី គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងបន្តវេន ត្រូវមានកាតព្វកិច្ចថែរក្សាការពារសន្តិភាព ក៏ដូចជាសមិទ្ធផលនានា ដែលគណបក្សសម្រេចបាននាពេលកន្លងមក ។
នាថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អញ្ជើញចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅមូលដ្ឋានក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាលឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ យុវជនភូមិឃុំ មន្រ្តីមណ្ឌលសុខភាព នាយកសាលា គណកម្មការធិការអាចារ្យវត្ត និងប្រជាការពារ នៅឃុំព្រៃស្លឹក និងឃុំអង្គកែវ ស្រុកទ្រាំង ចំនួន ១៩៣នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយ លោកមេឃុំព្រៃស្លឹក និងលោកមេឃុំអង្គកែវ ស្រុកទ្រាំង រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ត្រូវតែយកបេះដូង និងភាពទំនួលខុសត្រូវយកមដាក់នៅកន្លែងធ្វើការ និងពេលបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់ ពិសេសគឺបង្កើនភាពស្នទ្ធិស្នាលជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ដោយចុះជាប់ប្រចាំក្នុងការសាកសួរសុទុក្ខពួកគាត់ឱ្យដល់ខ្នងផ្ទះតែម្តង ពោលគឺត្រូវចាត់ទុកប្រជាពលរដ្ឋជាម្ចាស់របស់យើង ជាពិសេសគឺត្រូវតែពង្រឹងសេវាសាធារណៈ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អថែមទៀតពោលគឺធ្វើឱ្យមូលដ្ឋានយើងក្លាយជាភូមិឃុំមានសុវត្ថិភាពខ្ពស់បំផុត ហើយម្យ៉ាងទៀតសូមលោកគ្រូអ្នកគ្រូពេទ្យក្នុងមណ្ឌលសុខភាព ក៏សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា សូមលោកអ្នកគ្រូអ្នកក៏ដូចជាសហគមន៍របស់យើង ពិសេសឪពុកម្តាយឬអាណាព្យាបាល ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់ ដោយពង្រឹងវិស័យអប់រំនៅតាមសាលារៀនចាប់ពីថ្នាក់តូចឡើងទៅធ្វើយ៉ាងណាធានាឱ្យវិស័យអប់រំ មានគុណភាពទាំងការសិក្សារៀនសូត្រ និងមានក្រមសីលធម៌ គុណធម៌ខ្ពស់សម្រាប់សិស្សម្នាក់ៗ ។
ជាមួយគ្នានេះដែរ ប្រធានគណបក្សខេត្ត ឯកឧត្តម អ៊ូច ភា បានណែនាំដល់ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារប្រទេសកម្ពុជា កុំធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម សារជាថ្មីម្តងទៀត ដូចបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ាជាដើម។ គុណតម្លៃសន្តិភាព គឺខ្ពង់ខ្ពស់ណាស់ ហើយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពដល់យើងទាំងអស់គ្នា ដោយលំបាកលំបិនណាស់ ដូច្នេះ យុវជន យុវនារី គណបក្ស ដែលកម្លាំងបន្តវេន ត្រូវមានកាតព្វកិច្ចថែរក្សាការពារសន្តិភាព ក៏ដូចជាសមិទ្ធផលនានាដែលគណបក្សសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះ យុវជនគណបក្សក៏ត្រូវមានភារកិច្ចចូល រួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបម្រើ ប្រជាជន តាមរយៈគ្រប់សកម្មភាពសង្គមផ្សេងៗ៕

