នាយករដ្ឋមន្ត្រីកម្ពុជា៖ ពិភពលោក អ្នកណាក៏អាចដឹងបាន អាមេរិក ជាក្បាលរថភ្លើងកំណើនសេដ្ឋកិច្ចសកល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពិភពលោក អ្នកណាក៏អាចដឹងបាន ថាសហរដ្ឋអាមេរិក ជាក្បាលរថភ្លើងសេដ្ឋកិច្ចសកល ដូច្នេះសូមកុំបន់ស្រន់ឲ្យសេដ្ឋកិច្ចអាមេរិកចុះខ្សោយ ត្រូវឲ្យសេដ្ឋកិច្ចអាមេរិកលូតលាស់ គឺល្អសម្រាប់ពិភពលោករាប់ទាំងកម្ពុជា ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបជាង ៤ពាន់នាក់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពិភពលោក អ្នកណាក៏អាចដឹងបាន សហរដ្ឋអាមេរិក គឺជាក្បាលរថភ្លើងកំណើនសេដ្ឋកិច្ចសកល។ កុំបន់ស្រន់ឲ្យអាមេរិកចុះខ្សោយ បើបន់ស្រន់ឲ្យអាមេរិកចុះខ្សោយ យើងឃើញហើយវិបត្ដិសេដ្ឋកិច្ច ឆ្នាំ២០០៨ ចាប់ផ្ដើមពីការដួលរលំធនាគារអាមេរិក រហូតដល់ឈានទៅវិបត្ដិនៅអឺរ៉ុប ។ សូមកុំបន់ស្រន់ឲ្យអាមេរិកចុះខ្សោយ ត្រូវឲ្យសេដ្ឋកិច្ចអាមេរិកលូតលាស់ គឺល្អសម្រាប់ពិភពលោករាប់ទាំងកម្ពុជា ទទួលផលពីការរីកលូតលាស់ នៃសេដ្ឋកិច្ចរបស់អាមេរិក ឬក៏សេដ្ឋកិច្ចប្រទេសដទៃ»។
សម្ដេចតេជោបន្ថែមថា ប្រទេសទាំងអស់នៅលើពិភពលោក សូមកុំឲ្យប្រទេសណាមួយមានបញ្ហា ហើយសូមកុំបន់ស្រន់ឲ្យប្រទេសណាមួយ ស្លាប់សេដ្ឋកិច្ច ព្រោះថា វាគ្រោះថ្នាក់ដល់ខ្លួនយើងវិញទេ ។
ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ដអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន២ របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ ៕
