បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋ បន្តចូលរួមថែរក្សាសុខសន្តិភាព ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់ខ្មែរគ្រប់ជំនាន់

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន នាថ្ងៃទី២៦ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបន្តថែរក្សាសុខសន្តិភាព ឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់ខ្មែរយើង គ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ាដឹកនាំតាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ព្រមទាំងមានគោលនយោបាយច្បាស់លាស់ សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ជាមួយគ្នានេះ គណបក្សបានសម្រេចនូវសមិទ្ធផលចម្បងៗជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាអាទិ៍៖ ១.ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់របបប៉ុលពត, ២. ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និង ៣. តស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ជាតិខ្មែរ គឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបានកើតមានទ្បើងលើទឹកដីអង្គរនៃយើងជាង ៥០០ ឆ្នាំមកហើយ រហូតសម្រេចបានការបញ្ចប់ទាំងស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តថែរក្សាសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ» ៕
