ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៣០គ្រាប់

បាត់ដំបង៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៣ និង០០នាទី ស្ថិតនៅចំណុចក្រុមទី៧ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មានមេការជាងសំណង់ម្នាក់ឈ្មោះ សន គៀង ភេទប្រុស អាយុ២៣ឆ្នាំ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ខណ:ខ្លួនជីករណ្តៅគ្រឹះសាងសង់ផ្ទះ។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទគ្រាប់ UXO ក្បាលគ្រាប់កាំភ្លើងទំហំ 37mm ចំនួន ៣០គ្រាប់ និងរំសេវ ចំនួន ៣គីឡូក្រាម និងបានចងខ្សែហ៊ុំព័ទ្ធ ដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក CMAC ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលក្រុងបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕
