ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ក្នុងជួរកងទ័ព ជាការសម្រេចតាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ក្នុងជួរកងទ័ព គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព ។
ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងតាកែវ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈ កាលកន្លងមក។ ជាពិសេស នេះគឺជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងតំបន់ប្រតិបត្តិការសឹករងតាកែវតទៅខាងមុខទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព» ៕
