ទីលានទុកដាក់សំរាម ស្របតាមបទដ្ឋានបច្ចេកទេស ២កន្លែង ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលក្នុងពិធីទាំងពីរនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរដែនដីក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។
កម្មវិធីនាឱកាសនេះត្រូវបានប្រារព្ធឡើងដើម្បីប្រគល់-ទទួល ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ នៃកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ដែលក្នុងនោះរួមមាន៖ ក្រុមហ៊ុន អ៊ឹង ស៊ីមស៊ា ខនស្ត្រាក់សិន ជាអ្នកទទួលបន្ទុកសាងសង់ និងគ្រប់គ្រងគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រគល់ជូនដល់អាជ្ញាធរនៃ ខេត្តទាំងពីរនេះអាចទទួលគ្រប់គ្រង និងអនុវត្តការងារបន្តទៀត។
ថ្លែងក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគុណសម្បត្តិនៃការទុកដាក់សំរាម និងកាកសំណល់នានា ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ទីលានទុកដាក់សំរាមទាំងពីរកន្លែងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅបងប្អូននៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថានផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានសង្កត់ធ្ងន់លើការផ្ដល់អាទិភាពពីរាជរដ្ឋាភិបាល លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការសិក្សាសមិទ្ធិលទ្ធភាព ការសាងសង់/ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់រួមមានដូចជា៖ ការលើកកម្រិតគុណភាពផ្លូវជាតិ/ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង គម្រោងសាសង់អាកាសយានដ្ឋានថ្មីៗ ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា៖ ដោយសារមានសុខសន្តិភាពពេញលេញ ទើបប្រទេសមានការអភិវឌ្ឍ និងនាំមកនូវការវិនិយោគគ្រប់ទម្រង់ ជាមួយផ្តល់ឱកាសការងារជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទាំងអស់នេះគឺជាបច្ច័យដែលធ្វើឱ្យអត្រាអាយុសង្ឃឹមរស់ របស់ប្រជាជនខ្មែរយើងមានការកើនឡើង បើធៀបនឹងរយៈពេលជាង២០ឆ្នាំមុន។ អ្វីដែលជាមោទនភាពនោះ គឺអត្រាអាយុសង្ឃឹមរស់របស់កម្ពុជាយើង មានការកើនឡើង បើទោះជាប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់បងប្អូនប្រជាពលររដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត។
សូមជម្រាបជូនដែរថា៖ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ហិចតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៦៤ហិចតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជំរៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១២០.០០០ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិការសាងសង់ប្រមាណ ១,៣៩លានដុល្លារអាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ហិចតា ស្ថិតក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៧២ហិចតា (បណ្ដោយ៨៥ម៉ែត្រ ទទឹង៨៥ម៉ែត្រ និងជំរៅ០,៦៥ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១៤០.០០០ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារអាមេរិក ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម ៕
