ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ឃុំអូរសារាយ ស្រុកត្រាំកក់

ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ នឹងមន្រ្តីមូលដ្ឋានភូមិឃុំ មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ ប្រជាការពារ និងមន្រ្តីប៉ុស្តិ៍ រដ្ឋបាលឃុំអូរសារាយ ស្រុកត្រាំកក់។
មានប្រសាសន៍ជួបសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ត្រូវតែយកបេះដូង និងភាពទំនួលខុសត្រូវយកមដាក់នៅកន្លែងធ្វើការ និងពេលបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់ ពិសេសគឺបង្កើនភាពស្នទ្ធិស្នាលជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ដោយចុះជាប់ប្រចាំក្នុងការសាកសួរសុទុក្ខពួកគាត់ឱ្យដល់ខ្នងផ្ទះតែម្តង ពោលគឺត្រូវចាត់ទុកប្រជាពលរដ្ឋជាម្ចាស់របស់យើង។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ត្រូវចាត់ទុកថាជាការផ្តល់សេវាអាទិភាពផងដែរ ព្រោះការផ្តល់សេវានេះឱ្យបានឆាប់រហ័ស វាពិតជាបានបំពេញសេចក្តីត្រូវការរបស់ពួកគាត់បានទាន់ពេលវេលា នៅពេលពួកគាត់ត្រូវការឬចាំបាច់ត្រូវការធ្វើឯកសារស្នាមអ្វីមួយ ។
បន្ថែមពីនេះទៀត ឯកឧត្តម អ៊ូច ភា ក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អរឹងមាំ ធ្វើយ៉ាងណាឱ្យភូមិឃុំយើងក្លាយជាភូមិឃុំមានសុវត្ថិភាព និងជាភូមិឃុំដែលមានតែការរីកចម្រើន អភិវឌ្ឍន៍ឥតឈប់ឈរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
