សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ។
ក្នុងសាររំលែកមរណទុក្ខផ្ញើជូន ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវស្វាមីលោកជំទាវ ប៊ុន សុថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ មានសេចក្តីរន្ធត់តក់ស្លុត និងសង្វេគសោកស្តាយឥតឧបមាចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា។ ស្ថិតក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សោកសង្រេងនេះ សម្ដេច និងលោកជំទាវ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។
សម្ដេចបានគូសបញ្ជាល់ថា មរណភាពលោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ដោយសេចក្តីអាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាននូវ ឧត្តមភរិយា ម្តាយ និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូបដ៏សប្បុរស និងប្រកបដោយសមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។
សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនស្រីបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សពត្រូវបានតម្កល់ប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕
