ខ្ញុំមិនថា ប៉ុន្តែខ្ញុំធ្វើ

បើទោះបីជាខ្ញុំពុំធ្លាប់កាត់ក្រចកជូនឪពុកបង្កើតរបស់ខ្ញុំក្តី យ៉ាងហោចណាស់ក៏ខ្ញុំធ្លាប់ធ្វើទង្វើនេះជូនម្តាយរបស់ខ្ញុំម្តងម្កាលកាលលោកនៅមានព្រះជន្ម។ ឪពុករបស់ខ្ញុំបានទទួលមរណភាពកាលពីឆ្នាំ១៩៧៦ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមប៉ុល ពត ដោយសារជម្ងឺហើមគ្មានថ្នាំព្យាបាល និងដាច់ពោះ ព្រោះគ្មានអាហារទទួលទាន។ កាលពី៧ឆ្នាំមុនម្តាយរបស់ខ្ញុំបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៨៦វស្សា។
កាលពីព្រឹកម្សិលមិញ ដោយចៃដន្យខ្ញុំបានប្រទះព្រះសង្ឃមួយអង្គព្រះនាម គង់ ព្រះជន្ម៨៣វស្សា មានស្រុកកំណើតឯស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងដើរបិណ្ឌបាតតាមដងផ្លូវ។ បច្ចុប្បន្ន ព្រះអង្គគង់នៅសាលាឆាន់ក្នុងវត្តសារាវ័ន។ ព្រះអង្គបួសជាសង្ឃតាំងពីឆ្នាំ១៩៩៥។ ពោល គឺថេរវេលាជិត៣០ឆ្នាំ។ ព្រះអង្គនៅលីវ ដោយពុំមានកូនចៅ ជាពិសេសពុំមានញាតិមិត្ត ឬក្រុមគ្រួសារណាម្នាក់នៅក្រុងភ្នំពេញឡើយ។
ក្នុងពេលនិមន្តបិណ្ឌបាត ព្រះអង្គទទួលបាននូវបច្ច័យបន្តិចបន្តួច ប៉ុន្តែស្ទើរតែគ្មានចង្ហាន់។ ស្របពេលព្រះអង្គកំពុងទទួលបច្ច័យពីសប្បុរសជន ពេលនោះខ្ញុំបានក្រឡេកភ្នែកឃើញក្រចកដៃ និងក្រចកជើងរបស់ព្រះអង្គអាក្រក់ខ្លាំង ដែលខ្ញុំពុំធ្លាប់ប្រទះពីមុនមក។ ក្រចកដៃជើងវែងៗ និងកខ្វក់។ ខ្ញុំសុំអោយលោករង់ចាំ។ លោកពុំមានសង្ឃដីកាឆ្លើយតប ប៉ុន្តែលោកអង្គុយរង់ចាំខ្ញុំនៅលើកៅអីថ្មវែងមួយ។ មួយសន្ទុះ ខ្ញុំត្រឡប់មកវិញជាមួយកន្ត្រៃកាត់ក្រចក។
ដំបូងឡើយ លោកញញើតញញើម ព្រោះខ្លាចខ្ញុំកាត់ក្រចកដាច់ទាំងសាច់។
– តេជគុណកុំបារម្ភ! ខ្ញុំករុណាធ្លាប់កាត់ក្រចកអោយកូនៗជាង១០ឆ្នាំមកហើយ។ ខ្ញុំករុណាមិនកាត់កៀកសាច់ពេកទេ!
ខ្ញុំមិនចាប់អារម្មណ៍នឹងមនុស្សម្នានៅជុំវិញខ្លួន។ ខ្ញុំបន្តកាត់ក្រចកម្តងមួយៗ បន្ទាប់មកទើបខ្ញុំសម្អាតតាមក្រោយ។ ក្រចករបស់លោកវែង ក្រាស់ខ្មឹក ថែមទាំងមានបាយក្រៀមជាប់ក្រចកជើងផ្នែកខាងក្នុងផង ដែលជាហេតុនាំអោយពិបាកកាត់។ ខ្ញុំព្យាយាមកាត់តម្រឹមម្តងបន្តិចៗ រហូតចប់សព្វគ្រប់ជាស្ថាពរ។ ខ្ញុំជ្រះថ្លាក្នុងចិត្ត ត្បិតខ្ញុំបានជួយសម្អាតក្រចកអោយមនុស្សចាស់ម្នាក់ ទោះបីលោកក្នុងឯកសណ្ឋាន ឬគ្មានឯកសណ្ឋានជាសង្ឃក្តី។
ការចែករំលែកពេលវេលា ការផ្តល់ថវិកាជូនជនក្រីក្រ ការផ្តល់ម្ហូបអាហារជូនជនទុរភិក្ស ការជួយថែទាំសម្អាតជនចាស់ជរាដោយគ្មានការរើសអើង គឺជាការលើកស្ទួយវប្បធម៌ចែករំលែកដ៏ល្អប្រពៃរបស់ខ្មែរយើង ដែលមានតាំងពីបរមបុរាណកាលតរៀងមក៕ អត្ថបទ៖ ស្ទីវិន សាន់
