យោធភូមិភាគទី៥ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ព ដូសទី៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារចាក់វ៉ាក់សាំងទីបញ្ជាការ យោធភូមិភាគទី៥ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញ ដូសទី៦ ជូនកងទ័ព និងគ្រួសារកងទ័ព។
ដោយអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ច ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបទបញ្ជា មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំង យោធភូមិភាគទី៥ ទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៦ នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនកងទ័ព និងគ្រួសារកងទ័ព បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងទ័ព និងគ្រួសារកងទ័ព បានចាប់ផ្តើមដំណើរការចាក់ចាប់ពីថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ ការចាក់វ៉ាក់សាំងបានដំណើរការទៅដោយរលូន លទ្ធផលទទួលបានល្អប្រសើរ ដោយមានការសហការល្អរវាងក្រុមការងារ ព្រមទាំងការចូលរួម និងការយល់ដឹងរបស់កងទ័ព និងគ្រួសារកងទ័ព ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថាពិតជាមានសារៈសំខាន់ណាស់ចំពោះខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង ដើម្បីចាកផុតពីមេរោគរាតត្បាតដ៏កាចសាហាវនេះ។
នៅក្នុងឱកាសនោះដែរ ក្នុងនាម ឯកឧត្តម ជាមេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពទាំងអស់ បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងជាបន្តបន្ទាប់ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕
