កាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ស្ថិតនៅសង្កាត់កាកាបទី២

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា នៅល្ងាចថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៣ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន១គ្រួសារ កាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅភូមិត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២។
នាខណៈនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិកការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឱ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម បន្តខិតខំប្រឹងប្រែងប្រកបរបររកទទួលទានទៅតាមលទ្ធភាពជាបន្តទៀត ហើយកាកបាទក្រហមកម្ពុជាយើងតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋជានិច្ចនៅពេលជួបប្រទះនូវការលំបាកដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន៖ អង្ករ១០០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកផ្លែឈេី២កេស ទឹកសុទ្ធ២កេស មុង២ ភួយ២ ខ្នេីយ២ កន្ទេល២ សម្ភារៈផ្ទះបាយ១សម្រាប់ និងថវិកាចំនួន១.៥៧០.០០០រៀល ( មួយលានប្រាំសែនប្រាំពីរមុឺនរៀល )៕
