ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរចំពោះនិស្សិតជ័យលាភីសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអបអរសាទរចំពោះនិស្សិតជ័យលាភីសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ។
ការអបអររបស់ឯកឧត្តម បណ្ឌិតបែបនេះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍នៅក្នុងឳកាសនោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល។
ឯកឧត្តមបន្តថា ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្សរបស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។
ឯកឧត្តមបន្តថា ការបញ្ចប់ការសិក្សាដោយជោគជ័យតាមរយៈការទទួលបានសញ្ញាបត្រដូចពេលនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលម្នាក់ៗ ជាអាទិ៍៖ (១) ការពង្រឹងអំណាចម្ចាស់ការលើខ្លួនឯង ពីព្រោះចំណេះដឹងជាកម្លាំងចលករ ដែលអាចប្រែក្លាយគំនិតឱ្យទៅជាការពិត ព្រមទាំងផ្តល់លទ្ធភាពក្នុងការជួយឱ្យសម្រេចនូវសុបិន្តរបស់ខ្លួន ជាពិសេសចំណេះដឹងអាចបង្កើតជាមូលដ្ឋាននៃឯករាជ្យភាព និងសេរីភាពលើការសម្រេចចិត្ត និងជាប្រភពនៃភាពក្លាហាន និងជំនឿទុកចិត្តលើខ្លួនឯង, (២) ជាមូលដ្ឋានសម្រាប់ឈានទៅការបន្តអភិវឌ្ឍសមត្ថភាពឱ្យមានកម្រិតកើនឡើងថែមទៀត ដោយហេតុថា ការណ៍ដែលមានចំណេះដឹងកាន់តែច្រើន និងគុណវុឌ្ឍកាន់តែខ្ពស់ អាចជួយបង្កើនឱ្យកាន់តែមានភាពបត់បែនក្នុងការចាប់យកជំនាញថ្មី (Reskilling) និងធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗ៕
