គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហាសន្និបាតសភាតំបន់អាស៊ី លើកទី១៣ នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី
ភ្នំពេញ៖ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា រួមមានសមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា និងមន្ត្រីមួយចំនួន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី១៣ នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី ក្រោមមូលបទ «ការលើកកម្ពស់ពហុភាគីនិយមក្នុងពេលពិភពលោកកំពុងប្រែប្រួល» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ មហាសន្និបាតនឹងពិភាក្សាអនុម័តលើសេចក្តីសម្រេចមួយចំនួន ព្រមទាំងសេចក្តីថ្លែងការណ៍។
សូមបញ្ជាក់ថា សភាតំបន់អាស៊ី(Asian Parliamentary Assembly-APA ) ជាស្ថាប័នមួយប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ ហើយសភាកម្ពុជាគឺជាសហស្ថាបនិកមួយផងដែរ។ បច្ចុប្បន្នសភាតំបន់អាស៊ី មានសមាជិកចំនួន ៤៤ ប្រទេស និងអង្គការដៃគូចំនួន១០ ព្រមទាំងសភាសង្កេតការណ៍ចំនួន១៤។
សូមរំលឹកផងដែរថា កន្លងមកសភាកម្ពុជាធ្លាប់បានទទួលរៀបចំមហាសន្និបាតលើកទី៨ និងទី៩ កាលពីឆ្នាំ២០១៥ និង២០១៦ ៕
