អគារផ្ទះបាយ ៤ខ្នង នៅតាមផ្នែកសឹករងចំនួន៤ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលាសាងសង់

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោក ស៊ិន វណ្ណវុទ្ធ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសណ្តាន់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបាយចំនួន៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងសណ្តាន់ ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ក្នុងការងារកសាងអង្គភាពរឹងមាំ មានជាអាទិ៍ ការសាងសង់ឃ្លាំងដាក់សម្ភារៈបច្ចេកទេសយោធា ការឧបត្ថម្ភទោចក្រយានយន្ត គោយន្ដសម្រាប់ដឹកជញ្ជូននិងបង្ករបង្កើនផល ព្រមទាំងសមិទ្ធផលជាច្រើនទៀត ពិសេសលើវិស័យមនុស្សធម៌មានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមជាងសំណង់ ដែលត្រូវដំណើរការសាងសង់ផ្ទះបាយនៅទីបញ្ជាការផ្នែកសឹករងសណ្តាន់ និង៣ផ្នែកសឹករងទៀតនៅពេលនេះ ត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេស ធានាគុណភាព និងមានសោភណ្ឌភាព ។
ជាមួយនោះផងដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានក្រើនរំលឹកដល់យោធិននៅផ្នែកសឹករងទាំង៤ ក្រោយពេលសាងសង់រួច ត្រូវខិតខំថែរក្សា និងកែលម្អសោភ័ណភាព ការរៀបចំអាហារហូបចុកប្រចាំថ្ងៃក្នុងផ្ទះបាយឲ្យមានអានាម័យល្អ ធានាសុខភាពជូនកងទ័ព និងត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ផ្ទះបាយ លើកកំពស់ជីវភាពរស់នៅរបស់យោធិនបន្ថែមលើគោលរបបដែលថ្នាក់លើបានកំណត់។
លោកវរសេនីយ៍ទោ អ៊ូ សុធា មេបញ្ជាការផ្នែកសឹករងសណ្តាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងមេបញ្ជាការផ្នែកសឹករងប្រាសាទបល្ល័ង្ក ប្រាសាទសំបូរ និងផ្នែកសឹករងស្ទោង បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានជួយឧបត្ថម្ភ ផ្ទះហូបបាយ សម្រាប់អង្គភាពផ្នែកសឹករងទាំង ៤ ដែលមិនទាន់មានផ្ទះហូបបាយសមរម្យកន្លងមកហើយទើបថ្ងៃនេះ បានទទួលផ្ទះហូបបាយថ្មី ដែលជាចំណងដៃរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ៕
