ឯកឧត្ដម នេត្រ ភក្ត្រា៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ ក្នុងនោះ ខេត្តកែប ត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះ ខេត្តកែបត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ដើម្បីសម្រេចគោលដៅ យុទ្ធសាស្ត្រនេះ យើងទាំងអស់គ្នា ជាមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ។
ការថ្លែងរបស់ឯកឧត្ដម នេត្រ ភក្ត្រា ធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និង លើកទិសដៅបន្តសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកែប។ កិច្ចប្រជុំបូកសរុបនេះក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែប និងថ្នាក់ដឹកនាំ មន្ទីរជំនាញ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកែប។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯក ឧត្តមរដ្ឋលេខាធិការបានថ្លែងកោតសរសើរពីសមិទ្ធិផលដែលសម្រេចបានដោយមន្ទីរបរិស្ថានខេត្តកែបដែលជាការរួមចំណែកធ្វើឱ្យខេត្តកែបមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង និងមានផាសុកភាព និងផ្តល់នូវរបៀបរស់នៅប្រកបដោយគុណភាព និងការប្រកួតប្រជែងក្នុងការផ្តល់សេវាល្អដល់ភ្ញៀវទេសចរ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរ បរិស្ថានខេត្ដកែប ជាឱកាសដ៏សំខាន់សម្រាប់មន្ត្រីរាជការនៃមន្ទីរបរិស្ថាន
ខេត្តកែបក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារសម្រេច បាន បញ្ហាប្រឈម និងដំណោះស្រាយលើភារកិច្ចការងារដែលបានធ្វើក្នុងពេញមួយឆ្នាំ ២០២២ ព្រមទាំងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០២៣ ដើម្បីបុព្វហេតុបរិស្ថាន និងធនធាន ធម្មជាតិ។ ឯកឧត្តមបានលើកឡើងថា សមិទ្ធិផលក្នុងវិស័យបរិ ស្ថានសម្រាប់ខេត្តកែបកើតចេញពីការខិតខំប្រឹងប្រែងរបស់ មន្ត្រីទាំងអស់ដែលបានប្រមូលផ្តុំកម្លាំងសាមគ្គីភាព ក្នុងបុព្វហេតុនៃការចូលរួមគាំទ្រ និងលើកកម្ពស់កិច្ចគាំពារ វិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជាជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថាកន្លងមកនេះអាជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន បានដឹកនាំសហការជាមួយមន្ទីរ អង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងខេត្ត ឬពីចំងាយ និងអង្គការដៃគូពាក់ព័ន្ធនានា ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ការពារគុណភាព បរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្តយើង ឱ្យប្រើប្រាស់បានយូរអង្វែងដល់អ្នក ជំនាន់ក្រោយ ។ ជាក់ស្តែងកន្លងមក ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តកែប និងមន្ទីរបរិស្ថានបង្កើតសកម្មភាពដាំកូនកោងកាង នៅតំបន់ឆ្នេរសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប សរុបចំនួន ១២០០០ដើម ដើម្បីជាប្រយោជន៍ក្នុងការបន្ស៊ាំទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ ទាក់ទាញភ្ញៀវទេសចរ ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឳ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់។
គួរបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តកែប បានចូលរួមចំណែកយ៉ាងសកម្មបំផុសចលនាមហាជន និងបានសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ/អង្គភាពពាក់ព័ន្ធ ដៃគូរអភិវឌ្ឍនានា និងវិស័យឯកជន ឱ្យចូលរួមចំណែកថែរក្សាបរិស្ថានទីក្រុង ក៏ដូចទីជនបទ ឱ្យមានភាពបៃតងជានិច្ច តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយ តាមគោលដៅសហគមន៍ សាលារៀន វត្តអារ៉ាម និងលើកទឹកចិត្ត ឲ្យមានការ ចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។ ជាក់ស្តែងបច្ចុប្បន្ន មន្ទីរបរិស្ថានបានកំពុងអនុវត្តគម្រោងជួសជុល និងពង្រីកអាង ប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ នៅខាង មុខឆ្នេរលេងទឹក ឆ្នេរជ្រោយដូង និងផ្សារក្តាម។ លើសពីនេះទៀត មន្ទីរជំនាញក៏បានធ្វើការបំផុសជំរុញឱ្យបងប្អូនអាជីវករដាក់អាងចម្រោះឬអាងប្រព្រឹត្តកម្មសំណល់រាវខ្នាតតូចតាម មូលដ្ឋានអាជីវកម្ម លំនៅដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាការពារបរិស្ថាននៅក្នុងខេត្ត។ឯកឧត្តមអភិបាលខេត្តកែប បានលើកឡើងថា ថ្វីត្បិតតែខេត្តកែប មិនទាន់មានបញ្ហាប៉ះពាល់ធំដុំពីការប្រែប្រួលអាកាសធាតុនៅឡើយ ប៉ុន្តែ យើង ត្រូវ ចូលរួមគិតគូរ និងកែលម្អ ការអភិវឌ្ឍន៍ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកទីក្រុង និងការអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានទាន់ពេលវេលា ។ កត្តាទាំងនេះបានចូលរួមចំណែកដ៏សំខាន់សម្រាប់ធ្វើអោយខេត្តកែបក្លាយជាទីក្រុងទេសចរណ៍បៃតងបរិស្ថានបៃតង កសិកម្មបៃតង និងឆ្នេរសមុទ្រស្រស់ស្អាត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រសិទ្ទនាមខេត្តជាប់មាត់សមុទ្រ ជាតារារះនាទិសនិរតី និងបានបានដាក់ទិសស្លោកថា « ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»។ ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា នៅខេត្តកែប មានតែវិស័យទេសចរណ៍នេះហើយ ជាសក្កានុពលសំខាន់ សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានជីវភាពល្អប្រសើរ តាមរយៈការលក់ដូរផលិតផលក្នុងស្រុកដូចជាៈ បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងសមុទ្រ ម្ហូបអាហារសមុទ្រ វត្ថុអនុស្សាវរីយ៍ និងការបំរើសេវាម្ហូបអាហារតាមសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត បឹងហ្គាឡូត៍ និងការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ គឺស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីធ្វើឱ្យខេត្តកែបមានសោភ័ណភាពស្អាត ទាំងឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលខេត្តកែប បានថ្លែងរំឭកដល់សាធារណៈជន អាជីវករ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយងាកមកចាប់អារម្មណ៍នូវការប្រើប្រាស់ថង់ឬកំប៉ុងបរិស្ថានជំនួសវិញ ឬឧបករណ៍ប្រើប្រាស់បានច្រើនដង និងបានយូរអង្វែង ដើម្បីជាប្រយោជន៍ដល់សុខភាព និងសុខមាលភាពសង្គម និងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងទឹកដីខេត្តកែប ជាពិសេសនៅតាមបណ្តាកោះនានាឱ្យនៅសល់កំរិតមួយទាបបំផុត ដើម្បីរក្សាបាននូវសោភណ្ឌភាព កិត្យានុភាព ស័ក្តិសមជាខេត្តដែលទទួលបាននិងរក្សាបាននូវពានរង្វាន់រំដួល៣ទង ជាប់ៗគ្នាពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងពានរង្វាន់ផ្សេងៗទៀតដូចជា៖ វិញ្ញ្ញាបនបត្រខ្យល់ស្អាតអាស៊ា នាពេលថ្មីៗនេះ និងត្រៀមខ្លួនទទួលពានរង្វាន់ផ្សេងៗទៀតនាពេលខាងមុខ៕
