បណ្ឌិត ហ៊ុន ម៉ាណែត៖ ការបោសសម្អាតមីន ៣០ឆ្នាំកន្លងមកនេះ សម្រេចសមិទ្ធផលធំធេងណាស់ ដោយរំដោះផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាងមួយលានគ្រាប់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាងមួយលានគ្រាប់ ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញអបអរសាទរការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» នាថ្ងៃទី១៥ ខែធ្នូ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាងមួយលានគ្រាប់ ហើយអ្វីៗទាំងនេះមិនមែនមានតម្លៃត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្តែងដែលបានផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាការរំដោះផ្ទៃដីឱ្យក្លាយទៅជាធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ» ។
ឯកឧត្ដមបន្តថា យ៉ាងណាក៏ដោយ ទោះបីតួលេខនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែចំនួនដ៏តិចតួចដែលនៅសេសសល់ ក៏នៅជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភ និងអាចបង្កឱ្យមានសោកនាដកម្មបន្តទៅទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក គូសបញ្ជាក់ថា ដូច្នេះ សម្រាប់ទិសដៅទៅមុខ គឺទាមទារឱ្យយើងខិតខំរួមគ្នាបន្តដោះស្រាយជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ, ឃុំមួយ, ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥ ៕
