អង្គការសុខភាពពិភព និងក្រុមនិស្សិតបានចាត់ទុកថា ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាវិធានការដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអ្នកប្រើប្រាស់និងគ្រោះថ្នាក់ផ្សេងៗ

ភ្នំពេញ៖ក្រុមនិស្សិតបានលើកឡើងថាការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាវិធានការមានប្រសិទ្ធិភាពកាត់បន្ថយអ្នកប្រើប្រាស់និងគ្រោះថ្នាក់ផ្សេងៗ ខណៈដែលពួកគេបានសង្កេតឃើញការផ្សាយពាណិជ្ជកម្មនេះ បានទាក់ទាញយុវជនដែលជាធនធានទំពាំងស្នងឫស្សីឱ្យចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន។
ក្រុមនិស្សិតបានបញ្ជាក់ នៅក្នុងវគ្គសិក្ខាសាលានៅវិទ្យាស្ថានគរុកោសល្យបាត់ដំបងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា៖ សព្វថ្ងៃឧស្សាហកម្មគឿងស្រវឹងកំពុងផ្សាយពាណិជ្ជកម្មគ្រប់រូបភាពដូចជា ក្នុងហ្វេសបុក Tik Tok ផ្ទាំងបដា ប៉ាណូ អេក្រង់ LED ការឧបត្ថម្ភកម្មវិធីកីឡា កម្មវិធីប្រគុំតន្រ្តី លេងល្បែងកម្សាន្ត ការជួលតារាល្បីៗឱ្យផ្សព្វផ្សាយ ដែលនាំឱ្យមានការធ្វើត្រាប់តាម IDOLរបស់ពួកគេ។ ទីតាំងនិងព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មទាំងអស់នេះ សុទ្ធសឹងតែកុមារ យុវជនធ្វើដំណើរឆ្លងកាត់ ឬចូលរួមញឹកញាប់ជាងគេ ដូច្នេះចង់មិនចង់ ពួកគេនឹងទទួលឥទ្ធិពលអាក្រក់ពីការផ្សាយគ្រឿងស្រវឹងទាំងនោះ។
លោកស្វាង វិសាលជានិស្សិតមួយរូបបានឱ្យដឹងនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២នេះថា ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាវិធានការមានប្រសិទ្ធិភាពដើម្បីឱ្យកាត់បន្ថយអ្នកប្រើប្រាស់ព្រោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងច្រើនគឺជាការជំរុញដល់មានអ្នកប្រើប្រាស់ច្រើន។
សំឡេង៖ «យើងមើលទៅទីណាក៏មានការផ្សព្វផ្សាយគ្រឿងស្រវឹងដែរ ប៉ុន្តែការផ្សព្វផ្សាយពីផលប៉ះពាល់វាមានតិចណាស់ ។ ខ្ញុំស្នើឱ្យកាន់បន្ថយការផ្សព្វផ្សាយឱ្យនៅតិច បើផ្សព្វផ្សាយគួរតែមានរយៈពេលខ្លីៗ និងកុំផ្សព្វផ្សាយតាមផ្ទាំងប៉ាណូគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះពេក »។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ “ វិធានការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹងបង្ការយុវជនកុំឱ្យស្គាល់ម៉ាកគ្រឿងស្រវឹងនៅវ័យក្មេងពេក ព្រោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានឥទ្ធិពលលើការសម្រេចចិត្តរបស់យុវជន ក្នុងការចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងបង្កើនការប្រើប្រាស់គ្រឿងស្រវឹងឱ្យកាន់តែច្រើន, កាត់បន្ថយរូបភាពផ្សាយគ្រឿងស្រវឹងដែលទាក់ទាញនិងជំរុញចិត្តអ្នកញៀនគ្រឿងស្រវឹងស្រាបឱ្យប្រើប្រាស់និងទប់ស្កាត់ឥទ្ធិពលការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើបទដ្ឋានសង្គមដែលបង្កើតឱ្យមានវប្បធម៌ទទួលទានគ្រឿងស្រវឹងជារឿងធម្មតា ហើយផ្តល់គ្រោះថ្នាក់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម ។ លើសពីនេះ ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿង ជាពិសេសទៅលើក្រុមមនុស្សវ័យក្មេង យុវជន និងកុមារ គឺជាការពិចារណាដ៏សំខាន់ក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង”។
ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយគ្រឿងស្រវឹងនេះដែរ សម្រាប់វិទ្យុ និងទូរទស្សន៍រដ្ឋក្រសួងព័ត៌មានមិនបានអនុញ្ញាតមានការផ្សព្វផ្សាយឡើយ។
គួរបញ្ជាក់ផងដែរថា គ្រឿងស្រវឹង ជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ៣លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់គ្រឿងស្រវឹង បង្កអោយមានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញអោយមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រ។ ដោយឡែកនៅកម្ពុជា ថ្មីៗនេះក៏មានគ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេកមួយបង្កដោយអ្នកបើកបររថយន្ត បុកប្ដីប្រពន្ធ និងទារកតូចនៅលើស្ពានជ្រោយចង្វាររងរបួសធ្ងន់ធ្ងរ ដែលធ្វើឱ្យមហាជនខឹងសម្បាចំពោះជនបង្ក។ រឿងដ៏គួរឱ្យខ្លោចចិត្តនេះ សុទ្ធសឹងតែផ្ដើមចេញពីគ្រឿងស្រវឹងទាំងអស់។
ដោយមើលឃើញផលអាក្រក់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្រុមនិស្សិតទាំងនោះក៏សំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធធ្វើការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឱ្យបានឆាប់បំផុត។
បណ្តាប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ វៀតណាម និងឡាវ សុទ្ធតែបានដាក់ចេញច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹងក្នុងគោលបំណងកាត់បន្ថយហានីភ័យដែលបង្កដោយគ្រឿងស្រវឹង។ រីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវបានប្រទេសទាំងនេះ កំហិតយ៉ាងតឹងរឹងក្នុងគោលបំណងបង្ការកុមារនិងយុវជន ពីការពង្វក់អោយសេពគ្រឿងស្រវឹង ក្នុងវ័យកាន់តែក្មេង និងកាន់តែច្រើន៕
