សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ទប់ស្កាត់ក្នុងការតម្លើងថ្លៃប្រេង និងប្រកាស មិនតម្លើងថ្លៃអគ្គិសនី

បែបហ្សិច៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកបានណែនាំទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវមានយន្ដការឲ្យច្បាស់លាស់ ដើម្បីទប់ស្កាត់ក្នុងការតម្លើងថ្លៃប្រេងនៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ច្បាស់ថា បើទោះបីកម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរីយ៉ាងណាក្ដី ប៉ុន្ដែការទប់ស្កាត់នេះ គឺដើម្បីជៀសវាងការឆ្លៀតឱកាសលួចតម្លើងថ្លៃប្រេង។
សម្ដេចតេជោ ហ៊ុន សែន លោកក៏បានមានប្រសាសន៍បែបនេះថា [ក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល មិនឲ្យឈ្មួញតម្លើងថ្លៃប្រេងតាមអំពើចិត្តនោះទេ លើកនេះរាជរដ្ឋាភិបាលបើទោះបីជាសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្ដែត្រូវតែមានការណែនាំមួយ បើមិនអញ្ចឹងទេឈ្មួញឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាតម្លើង]។
តម្លៃប្រេងឡើងចុះនេះ គឺមិនមែនកើតមានឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលនៅសកលលោកទាំងមូល គឺមានការប្រែប្រួលនៃតម្លៃនេះ ដោយសារមួយផ្នែកមកពីឥទ្ធិពលសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ បើតាមអ្វីដែលសម្ដេចបានសាកសួរទៅកាន់ប្រជាពលរដ្ឋរស់នៅប្រទេសបារាំង តម្លៃប្រេងនៅទីនោះ ១.៨អឺរ៉ូ ស្មើប្រមាណ៧.៥០០រៀល។។
