កម្ពុជា-ចិនរៀបចំវគ្គបណ្តុះបណ្តាល ទាក់ទងនឹងការងារតែងនិពន្ធ និងការងារផ្សព្វផ្យាយ

កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ ស្តីពី ការងារតែងនិពន្ធ និងការងារផ្សព្វផ្យាយ បានអញ្ជើញជាវាគ្មិនកិត្តយសចែករំលែកបទពិសោធន៍ការងារដោយកញ្ញា kong siqi អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន។
កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ហុង ឡុង ប្រធានក្រុមការងារយុវជនក្រសួង និងជាអនុប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងដោយបានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសាខាបក្សមន្ទីរទាំង២៥ រាជធានី-ខេត្ត ប្រធានផែនចំណុះក្រុមការងារយុវជនក្រសួង ប្រធានគណ:កម្មាធិការ គណបក្សមូលដ្ឋាន នៃអគ្គនាយកដ្ឋានទាំង០៣ និងសាខាបក្សនាយកដ្ឋានទាំង១៦ ចំនួនសិក្ខាកាមអញ្ជើញចូលរួមចំនួន១២១ នាទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សាលប្រជុំធំ ជាន់ទី៦ ។
កញ្ញា kong siqi បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ ទាក់ទងនឹងការងារតែងនិពន្ធ និងការងារផ្សព្វផ្យាយ ជូនដល់អង្គពិធី។ កញ្ញាថា អ្នកនិពន្ធត្រូវបង្កើន”កម្លាំងជើង” “កម្លាំងភ្នែក” “កម្លាំងខួរក្បាល” “កម្លាំងសរសេរ”របស់ខ្លួនឯង។
ក្នុងពេលនោះដែរ ក៏មានការចាក់ផ្សាយវីដេអូ «ដំណើរថ្មីនៃប្រទេសចិន» ដែលបង្ហាញពីបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ផងដែរ។
ឯកឧត្តម ហុង ឡុង បានថ្លែងអំណរគុណជាខ្លាំង ជូនកញ្ញា kong siqi ដែលបានអញ្ជើញទៅធ្វើបទបង្ហាញ នាពេលនោះ ដែលនឹងចូលរួមការបណ្តុះបណ្តាលលើកិច្ចការតែងនិពន្ធ និងការងារផ្សព្វផ្សាយ ជូនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឲ្យមានការយល់ដឹងកាន់តែច្រើន ជាពិសេស ស្វែងយល់កាន់តែច្បាស់ពីមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)
