ឯកឧត្តម ឡៅ ឆន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ កាលពីថ្មីៗនេះបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីវិធានការពង្រឹងការគ្រប់គ្រង សុវត្ថិភាពមូលដ្ឋាន ការងារភូមិ-ឃុំមានសុវត្ថិភាព ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ការកែលំអអត្តចរិករបស់មន្ត្រីរាជការ ការជម្រុញប្រជាពលរដ្ឋដែលគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោត ដោយការចុះឈ្មោះនឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ និងបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀន យុវជន មេប៉ុស្តិ៍ ប្រធានភូមិ និងយុវជនភូមិ ទាំង៦ឃុំ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សរុបចំនួន១៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្ដមបានអញ្ជើញជាគណៈអធិបតីរួមជាមួយលោក ហាំង ម៉េង អភិបាលស្រុក លោក វណ្ណ កុសល ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារយុវជនស្រុក ចុះទៅប្រគល់ផ្ទះមួយខ្នងជូនលោក ឡន ធួន និងភរិយា ចែម សួរ ជាគ្រួសារក្រីក្រ ដែលមានកូនតូច៣នាក់ និងប្តីកំពុងមានជំងឺប្រចាំកាយ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ឯកឧត្តម និងអ្នករួមដំណើរបានទៅចូលរួមបុណ្យសពលោក ធិន ឆុន អាយុ៥៧ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺលើសឈាម ស្ថិតនៅភូមិសែន សំឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ផងដែរ។ ថវិកាដែលបានចំណាយក្នុងពិធីខាងលើ សរុបចំនួន ៣,៣០០,០០០រៀល៕

