គ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទបល្ល័ង្ក ទទួលបានថវិកាបេឡាមរណៈសង្គ្រោះ

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង តំណាងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត កងកម្លាំងទាំងបី សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៨,០០០,០០០រៀល និងលិខិតចូលរួមរំលែកមរណៈទុក្ខ ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ០២គ្រួសារ នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ស្ថិតក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមតំណាងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារសពអតីតយុទ្ធជនទាំង២គ្រួសារ ពីសំណាក់សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ផងដែរ ។
ឧត្តមសេនីយ៍ត្រី ង៉ាង ស បានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានសមាគម តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនជានិច្ច ព្រោះបើគ្មានការចូលរួមលះបង់កម្លាំងកាយចិត្ត និងបូជាសាច់ស្រស់ឈាមស្រស់របស់បងប្អូនក្នុងសម័យសង្គ្រាមទេ ប្រទេសកម្ពុជាយើងក៏មិនមានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ ។
ក្រុមគ្រួសារសពអតីតយុទ្ធជន ទាំង២គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម អគ្គលេខាធិការសមាគម ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក លោកជំទាវ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងសូមគោរពជូនពរ សម្តេច ឯកឧត្តម និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
