ក្រសួងសុខាភិបាលចេញសេចក្ដីណែនាំ ស្តីពីការពង្រឹងការផ្តល់សេវាសុខាភិបាលនៅតាមមូលដា្ឋនសុខាភិបាលឯកជន

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ដើម្បីបន្តពង្រឹង ការងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សុខាភិបាល និងត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈសុខាភិបាលនីមួយៗ និងច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ សុខាភិបាលឱ្យបានហ្មត់ចត់ ក្រសួងតែងតែធ្វើការណែនាំ ក្រើនរំលឹក និងបានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ជូនដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ មានដូចជា ក្នុងពេលថ្មីៗនេះ មានចេញផ្សាយនូវសេចក្ដីណែនាំស្តីពីការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ព្រមទាំងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន ជាពិសេសច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងច្បាប់ស្តីពីការរំលូតកូន ជាដើម។

