អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានអនុញ្ញាតឱ្យមន្ត្រីជំនាញធ្វើសេចក្តីរាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានធ្វើការណែនាំនូវចំណុចសំខាន់មួយចំនួន ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គាធិការដ្ឋាន ខិតខំពង្រឹងការយកចិត្តទុកដាក់ និងសហការគ្នាអនុវត្តតួនាទីភារកិច្ចឱ្យសម្រេចបានល្អប្រសើរតាមការប្រគល់ជូនរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ ក៏បានជូនពរដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល ឱ្យមានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការផងដែរ៕
